សេរី​ភាព និង​ទំនួល​ខុស​ត្រូវ

តើ​សេរី​ភាព​ជា​អ្វី?
តើ​សេរី​ភាព​ និង​ទំនួល​ខុស​ត្រូវ​មាន​ន័យ​ដូច​ម្ដេច ?
មនុស្ស​មាន​ភាព​ស្មើ​គ្នា​ ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរី​ភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំង​អស់​ ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈសង្គម និង​ធនធាន​អ្វី​ឡើយ ។


តែ​ការ​ប្រើ​សិទ្ធិ​សេរី​ភាព ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​នាំ​ឱ្យ​មាន​អនាធិបតេយ្យ​ក្នុង​សង្គម ។


សេរី​ភាព គឺ​ជា​អំណាច​ដែល​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត ប៉ុន្តែ​នៅ​ក្រោម​ច្បាប់​របស់​ប្រទេស ។ មនុស្ស​ម្នាក់​ៗ​ មាន​សេរី​ភាព​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត មាន​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ តែ​ត្រូវ​គោរព​ច្បាប់ ។

ពាក្យ​ថា " សេរី​ភាព និង​ទំនួល​ខុស​ត្រូវ " គឺ​ជា​ពាក្យ​ពីរ​ម៉ាត់ មាន​ន័យ​ទាក់​ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ហើយ​មិន​អាច​ខ្វះ​ធាតុ​ណា​មួយ​បាន​ឡើង ។ មនុស្ស​ម្នាក់​ៗ​អាច​មាន​សេរី​ភាព​ធ្វី​អ្វី​បាន​តាម​អំពើ​ចិត្ត​ តែ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ ចំពោះ​អំពើ​របស់​ខ្លួន​នោះ​ជា​ដាច់​ខាត ។ 
ប្រសិន​បើ​មនុស្ស​ម្នាក់​ ត្រូវ​បាន​គេ​បំបិទ​សេរី​ភាព​ មនុស្ស​នោះ​អស់​ភាព​ថ្លៃថ្នូរ អស់​ភាព​ជា​មនុស្ស​ ព្រោះ​មនុស្ស​នោះ​ក្លាយ​ទៅ​ជា​ឧបករណ៍​សម្រាប់​តែ​គេ​បញ្ជា​តែ​ប៉ុន​នោះ ។ តួ​យ៉ាង​បុគ្គលិក​រាជ​ការ​ធ្វើ​ការ​នៅ​ក្រសួង​ណា​មួយ​ ដែល​មាន​ប្រធាន​អង្គភាព​ប្រើ​អំណាច​ផ្ដាច់​ការ គេ​តែង​តែ​ខ្លាច​អំណាច​ខ្លាច​ការ​សម្លុត​គំរាម ហើយ​រមែង​តែ​បិទ​មាត់​ បិទ​ភ្នែក​មិន​ហ៊ាន​ប្រឆាំង​នឹង​អំពើ​ខុស​ឆ្គង​របស់​ចៅវ៉ាយ​នាយ​ខ្លួន ។ ការ​បិទ​មាត់​ និង​បិទ​ភ្នែក​ ឬ​ការរ​មិន​ឈឺ​ឆ្អាល​ចំពោះ​កិច្ច​ការ​ក្រសួង​ ពី​សំណាក់​សមាជិក​ទាំង​អស់​ នៅ​ក្នុង​អង្គ​ភាព​នោះ​នឹង​នាំ​ឱ្យ​ក្រសួង​នោះ​រលំរលាយ នៅ​ពេល​ណា​មួយ​មិន​ខាន ។ ផ្ទុយ​ទៅ​វិញ​​ ការ​ប្រើ​ប្រាស់​សេរី​ភាព​ទូលំទូលាយ​ពេក គឺ​គ្មាន​ទំនួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​នឹង​នាំ​ឱ្យ​មាន​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ ។ មិន​តែ​ប៉ុននោះ​ ការ​ប្រើ​ប្រាស់​សេរី​ភាព​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ ហួស​ព្រំ​ដែន​ច្បាប់​សង្គម​នឹង​នាំ​ក្ដី​អន្តរាយ​ដល់​ខ្លួន​ឯង​ផង​ និង​បណ្ដាល​ឱ្យ​អន្តរាយ​មាន​ភាព​ច្របូក​ច្របល់​ដល់​សង្គម​ទៀត​ផង ។ សេរី​ភាព​ជា​អាវុធ​មុខ​ពីរ បើ​ប្រើ​វា​ខ្វះ​ព្រំ​ដែន​ វា​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ក្នុង​ផ្លូវ​ខុស​ វា​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ផង ដល់​អ្នក​ដទៃ​ផង ហើយ​អាច​នាំ​ឱ្យ​អន្តរាយ​ដល់​ផល​ប្រយោជន៍​រួម ឬ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ផង ។


ដូច្នេះ​​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​មួយ​ យើង​ត្រូវ​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​ ឱ្យ​នៅ​ក្នុង​ក្របខណ្ឌច្បាប់​បាន​ហើយ​ ព្រម​ទាំង​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​សម្ដី និង​ទង្វើ​របស់​ខ្លួន​នោះ​ផង​ដែរ ។ មនុស្ស​ណា​មិន​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ទទួល​កំហុស មិន​កែ​លម្អ​ខ្លួន ហើយ​ទំលាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ មិន​មែន​ជា​មនុស្ស​ល្អ សិស្ស​ល្អ និង​កូន​ល្អ​ឡើយ ។

0 comments:

Post a Comment